កិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យទូទាត់បាន

តើអ្វីជាកិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យទូទាត់បាន?

កិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យទូទាត់បាន គឺជាកិច្ចព្រមព្រៀងមានកាតព្វកិច្ចស្របច្បាប់ ជាសកល ដែលនឹងត្រូវបានចរចា និងចុះហត្ថលេខាដោយស្ថាប័នសហជីព និងក្រុមហ៊ុនម៉ាកផលិតផល និងក្រុមហ៊ុនលក់រាយអន្តរជាតិ នៅក្នុងវិស័យសម្លៀកបំពាក់ និងស្បែកជើង។ គោលបំណងនៃកិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យទូទាត់បាន គឺដើម្បីធានាថាកម្មករនិយោជិត ដែលជាអ្នកផលិតផលិតផលសម្រាប់ក្រុមហ៊ុនទាំងអស់នោះ អាចទទួលបានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត ដែលគ្រប់គ្រាន់ដើម្បីអាចបំពេញតម្រូវការចាំបាច់មួយចំនួនសម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ។ កិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យអនុវត្តបាន នឹងត្រូវបានកសាងឡើងដោយផ្អែកលើបទពិសោធន៍នៃ កិច្ចព្រមព្រៀងស្ដីពី សុវត្ថិភាពអគ្គីភ័យ និងអគារ នៅប្រទេសបង់ក្លាដែស និងកម្មវិធីម្ហូបអាហារយុត្តិធម៌នៅសហរដ្ឋអាមេរិក។

ចុះចំណែកអ្នកផ្គត់ផ្គង់ តើពួកគេត្រូវចុះហត្ថលេខាលើ កិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យទូទាត់បាននេះដែរទេ?

កិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យទូទាត់បាន នឹងត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុនម៉ាកផលិតផល និងក្រុមហ៊ុនលក់រាយ ប៉ុន្តែកិច្ចសន្យានេះនឹងមានបញ្ញត្តិមួយចែងពីការដាក់កាតព្វកិច្ចឱ្យពួកគេ ដាក់ក្នុងកិច្ចសន្យាទិញរបស់ពួកគេ តម្រូវឱ្យអ្នកផ្គត់ផ្គង់នីមួយៗ ត្រូវតែចរចាកិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយនឹងសហជីពក្នុងស្រុក ដែលមានសកម្មភាពក្នុងរោងចក្រ។ សូមមើលបន្ថែម «កាតព្វកិច្ចរបស់អ្នកផ្គត់ផ្គង់»។


  1. កម្មវិធីម្ហូបអាហារយុត្តិធម៌ គឺជាកិច្ចព្រមព្រៀងដែលមានកាតព្វកិច្ចស្របច្បាប់ រវាងសហពន្ធនៃកម្មករអ៊ីម៉ូខាលី ជាមួយនឹងអ្នកបញ្ជាទិញប៉េងប៉ោះច្រើនជាង ១០ក្រុមហ៊ុន នៅក្នុងវិស័យកសិកម្មរបស់សហរដ្ឋអាមេរិក ធានាឱ្យមានប្រាក់ឈ្នួលខ្ពស់ជាងមុន និងមានការបណ្ដុះបណ្ដាលពីសិទ្ធិកម្មករដល់កម្មករ។

សហជីពជាហត្ថលេខី និងតួនាទីនៃអង្គការមិនមែនរដ្ឋាភិបាល

តើតំណាងសហជីពដែលចរចា និងចុះហត្ថលេខាលើកិច្ចសន្យាត្រូវបានជ្រើសរើសដោយរបៀបណា ហើយតើអ្វីជាតួនាទីរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ?

សហព័ន្ធសហជីពជាតិ ក៏ដូចជាសហជីពកម្រិតរោងចក្រដែលមិនមានទំនាក់ទំនងជាមួយសហព័ន្ធនឹងជ្រើសរើសតំណាងឱ្យចូលរួមក្នុងដំណើរការចរចាតាមរយៈក្រុមការងារចរចាថ្នាក់ជាតិ។ ក្រុមនេះតែងតាំងតំណាងសហជីពតិចបំផុត ២នាក់ និងច្រើនបំផុត ៣នាក់ ដើម្បីឱ្យចូលរួមក្នុងក្រុមប្រឹក្សាចរចាថ្នាក់សកល ដែលត្រូវតែអនុម័តលើកិច្ចព្រមព្រៀងនេះ មុនពេលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។ ស្ថាប័នចុះហត្ថលេខា និងចារចាដោយផ្ទាល់ គឺគណៈកម្មាធិការចរចាថ្នាក់សកល ដែលមានសមាជិកជាក្រុមសហជីពដែលត្រូវបានតែងតាំង និងអង្គការមិនមែនរដ្ឋាភិបាលមកពីក្រុមប្រឹក្សា។ បញ្ជីរាយនាមសហព័ន្ធសហជីពជាតិទាំងអស់ និងសហជីពរោងចក្រដែលជ្រើសរើសតំណាងនឹងត្រូវដាក់ក្នុងឧបសម្ព័ន្ធនៃកិច្ចព្រមព្រៀងនេះ។ សហជីពទាំងនេះ ក៏នឹងត្រូវចរចាលើកិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយអ្នកផ្គត់ផ្គង់ផងដែរ។ ប្រសិនបើអ្នកផ្គត់ផ្គង់បដិសេធ ពួកគេអាចលើកឡើងនូវកាតព្វកិច្ចក្រោម កិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យទូទាត់បាន ដែលពួកគេជាផ្នែកមួយ តាមរយៈឧបសម្ព័ន្ធ។

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ នឹងដើរតួជា ភាគីហត្ថលេខីដែលជាសាក្សីនៃកិច្ចព្រមព្រៀង។ ទាំងសហជីព និងអង្គការមិនមែនរដ្ឋាភិបាលធ្វើការលើសិទ្ធិការងារ ក៏នឹងដើរតួយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលកម្មករ និងក្នុងការតាមដានការអនុលោមតាម និងការដាក់ពាក្យបណ្ដឹង នៅពេលដែលនិយោជកខកខានក្នុងការអនុវត្តកាតព្វកិច្ចរបស់ពួកគេ។ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការលើសិទ្ធិការងារ អាចចូលរួមបាន លុះណាតែមានការអញ្ជើញដោយសហជីពក្នុងស្រុក ឬក្នុងករណីដែលគ្មានសហជីពផ្លូវការក្នុងវិស័យសម្លៀកបំពាក់នៅប្រទេសនោះ។

តើយុទ្ធនាការនេះកំពុងតែដណ្ដើមយកសិទ្ធិរបស់កម្មករនិយោជិតក្នុងការចរចានូវប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតមែនទេ?

មិនមែនទេ។ កិច្ចព្រមព្រៀងមិនបានកំណត់នូវកម្រិតប្រាក់ឈ្នួលនោះទេ កម្មករនិយោជិត មានសេរីភាពក្នុងការចរចាប្រាក់ឈ្នួលខ្ពស់ជាងនេះ។ កិច្ចព្រមព្រៀង នឹងមានបញ្ញត្តិក្នុងការការពារសិទ្ធិក្នុងការរៀបចំ និងចរចាជាសមូហភាព និងដើម្បីការពារមេដឹកនាំសហជីព និងកម្មករពីការសងសឹងនៅពេលដែលពួកគេអនុវត្តសិទ្ធិទាំងអស់នេះ។ ដូចបានកំណត់ខាងលើ សហជីព និងសហព័ន្ធជាតិ ក៏នឹងមានតួនាទីជ្រើសរើសតំណាងក្នុងការចរចា កិច្ចព្រមព្រៀងប្រាក់ឈ្នួលដែលអាចបង្ខំឱ្យទូទាត់បាន ថ្នាក់សកលផងដែរ។

បទដ្ឋានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត

តើដែនកំណត់ជាក់លាក់នៃប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតត្រូវបានកំណត់ហើយមែនទេ?

នៅទេ។ ក្នុងទស្សវត្សរ៍ចុងក្រោយនេះ ដែនកំណត់នៃប្រាក់ឈ្នួលចិញ្ចឹមជីវិតមួយចំនួន ត្រូវបានបង្កើតដោយបញ្ញវន្ត និងអ្នកស្រាវជ្រាវ ចំណែកឯសហជីពនៅក្នុងប្រទេសជាច្រើន បានកំណត់ការទាមទារប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតជាក់លាក់ និងរូបមន្តប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតថ្នាក់តំបន់គឺ ប្រាក់ឈ្នួលនៅអាស៊ី ត្រូវបានបង្កើតឡើងដោយសហជីពក្នុងទ្វីបអាស៊ី។ តួលេខនៃប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតដែលបានគណនាតាមរយៈការផ្ដួចផ្ដើមផ្សេងៗទាំងនេះ ផ្អែកលើកត្តាខុសៗគ្នា រាប់ចាប់ពីតម្រូវការកាឡូរីក្នុងកម្រិតភាពក្រីក្រ រហូតដល់តម្រូវការកាឡូរីសំខាន់ៗនៅក្នុងគ្រួសារ និងរួមទាំងកម្រិតផ្សេងៗគ្នានៃតម្លៃសម្រាប់ការងារផ្ទះដែលមិនទទួលបានប្រាក់កម្រៃ ដែលតម្រូវឱ្យមានដើម្បីឱ្យស្រ្តីអាចចូលរួមក្នុងទីផ្សារការងារផងដែរ។ ក្នុងចំណោមការផ្ដួចផ្ដើមផ្សេងៗគ្នាទាំងនេះ ការប៉ាន់ស្មានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតដែលអាចជឿជាក់បាន ក៏មានសេចក្ដីសន្និដ្ឋានដូចគ្នាដែរ៖ គម្លាតរវាងប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត និងប្រាក់ឈ្នួលអប្បបរមាជាមធ្យមខុសគ្នា៣ដង។ ជំនួសឱ្យការជ្រើសរើសយកដែនកំណត់ជាក់លាក់ណាមួយ យុទ្ធនាការនេះនឹងផ្ដោតលើការបិទគម្លាត ដែលតម្រូវឱ្យក្រុមហ៊ុនជាភាគីហត្ថលេខី ផ្ដល់វិភាគទាន ២៥ ភាគរយ បន្ថែមពីលើតម្លៃដែលគេកំពុងតែចំណាយបច្ចុប្បន្នទៅអ្នកផ្គត់ផ្គត់របស់ពួកគេ ដែលប្រាក់បន្ថែមនេះនឹងបានទៅដល់កម្មករដោយផ្ទាល់។

តើការធ្វើបែបនេះមានទំនាក់ទំនងនឹងការតស៊ូដើម្បីបង្កើនប្រាក់ឈ្នួលអប្បបរមាស្របច្បាប់ដោយរបៀបណា?

កិច្ចព្រមព្រៀងនឹងភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅនឹងការតស៊ូក្នុងប្រទេស ទាមទារដើម្បីឱ្យបានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងមុន។ បច្ចុប្បន្ន ក្រុមហ៊ុនម៉ាកផលិតផលរីកលូតលាស់ ក្នុងទីផ្សារអន្តរជាតិ ដែលមានលក្ខណៈប្រកួតប្រជែងខ្ពស់ ដែលប្រទេសផលិតកម្មផ្សេងៗ ប្រកួតប្រជែងគ្នាដើម្បីបន្ទាបតម្លៃប្រាក់ឈ្នួលអប្បរមាឱ្យទាបបំផុត ដើម្បីទាក់ទាញការវិនិយោគពីបរទេស។ ប៉ុន្តែ ប្រសិនបើការតស៊ូក្នុងប្រទេសអាចទទួលបានប្រាក់ឈ្នួលអប្បរមាខ្ពស់ជាងមុននោះ ក្រុមហ៊ុនម៉ាកផលិតផលអាចចរចាបង់ភាគរយវិភាគទានតិចជាងមុន ដោយផ្អែកតាមកិច្ចសន្យា ។

វិភាគទានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត

តើវិភាគទាន ២៥ភាគរយ ត្រូវបានគណនាដោយរបៀបណា?

ការវិភាគទានត្រូវបានគណនា ដោយផ្អែកលើតួលេខពីរ៖ ១) គម្លាតជាមធ្យមរវាងប្រាក់ឈ្នួលអប្បរមា និងប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតនៅក្នុងប្រទេសផលិតកម្ម។ ទិន្នន័យបង្ហាញថា គម្លាតនេះ គឺមានប្រមាណជា ៣ដង ទៅ ៥ដង ក្នុងប្រទេសផលិតសម្លៀកបំពាក់ភាគច្រើន។ យើងបានជ្រើសរើសនូវកម្រិតទាបបំផុតនៃគម្លាតសម្រាប់ការគណនារបស់យើង ហើយសន្មតថាដើម្បីអាចទទួលបានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត យើងត្រូវយកប្រាក់ឈ្នួលអប្បបរមាគុណនឹង៣ និង ២) ភាគរយជាមធ្យមនៃថ្លៃដើមផលិតសម្លៀកបំពាក់ដែលត្រូវចំណាយសម្រាប់ថ្លៃពលកម្ម។ ការស្រាវជ្រាវបានបង្ហាញថា ថ្លៃពលកម្ម គឺពី ៥ទៅ១២ភាគរយ នៃថ្លៃដើមផលិតសម្លៀកបំពាក់។ យើងសម្រេចជ្រើសយកតម្លៃខ្ពស់បំផុតនៃការប៉ាន់ស្មាននេះ គឺ ១២ភាគរយ សម្រាប់ជាគោលនៃការគណនារបស់យើង។

បើយើងយក ៣ x ១២ យើងនឹងទទួលបាន ៣៦ ភាគរយ ដែលនោះជាចំនួនសរុបនៃ តម្លៃទំនិញដែលបានគណនារួចហើយ(“FOB”) ដែលគួរតែចំណាយទៅកាន់ថ្លៃពលកម្ម។ សាកល្បងប៉ាន់ស្មានថា ១២ភាគរយនៃ តម្លៃ FOB ត្រូវបានបង់ជាថ្លៃពលកម្ម ដូច្នេះតម្លៃ FOB គួរតែបង្កើនបន្ថែម ២៤ភាគរយទៀត ដើម្បីអាចស្នើនឹងភាគរយថ្លៃពលកម្ម គឺ៣៦ភាគរយ។ តួលេខ ២៤ ភាគរយ ត្រូវបានបង្រ្គប់ឱ្យទៅជា ២៥ភាគរយ សម្រាប់គោលបំណងនៃយុទ្ធនាការនេះ។

តើវិភាគទានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត នឹងត្រូវបានបែងចែកទៅកម្មករដោយរបៀបណា?

វិភាគទាន នឹងត្រូវបែងចែកទៅកម្មករ ជាផ្នែកមួយនៃប្រាក់បៀវត្សរ៍បើកជាទៀងទាត់ ហើយចំនួននេះនឹងបង្ហាញឱ្យឃើញក្នុងខ្ទង់មួយដាច់ដោយឡែកក្នុងប័ណ្ណបើកប្រាក់បៀវត្សរ៍របស់កម្មករ។ កម្មករនិយោជិត ដែលធ្វើការក្រៅម៉ោងនឹងទទួលបានចំណែកគណនាផ្អែកតាមចំនួននៃម៉ោងធ្វើការជាក់ស្ដែង។ វិភាគទាននឹងបន្ថែមពីលើ ប្រាក់ឈ្នួល អត្ថប្រយោជន៍ និងសំណងផ្សេងទៀតដែលកម្មករបានមានសិទ្ធិ

ទទួលបានរួចហើយ។ អ្នកផ្គត់ផ្គង់នឹងត្រូវហាមឃាត់ដាច់ខាត ក្នុងការកាត់បន្ថយប្រាក់ឈ្នួល អត្ថប្រយោជន៍ និងសំណងផ្សេងទៀត ហើយនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើចំណាត់ថ្នាក់កម្មករឡើងវិញដើម្បីកាត់បន្ថយសំណង និងអត្ថប្រយោជន៍របស់ពួកគេឡើយ។ ប៉ុន្តែ ដោយសារតែរោងចក្រភាគច្រើនកំពុងផលិតសម្រាប់អ្នកបញ្ជាទិញច្រើនគ្នាក្នុងពេលតែមួយ ហើយដោយសារថាមិនមែនក្រុមហ៊ុនម៉ាកផលិតផលទាំងអស់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងពេលតែមួយនោះទេ ដូច្នេះវិភាគទានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត នឹងមិនមែនមានន័យថាកម្មករនិយោជិតក្នុងរោងចក្រដែលចូលរួម នឹងទទួលបានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតភ្លាមៗនោះទេ។

តើកម្មករនឹងទទួលបានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតពេលណា?

កម្មករនិយោជិត នៅក្នុងរោងចក្រដែលចូលរួមកម្មវិធីនេះ នឹងមិនទទួលបានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនម៉ាកផលិតផលដំបូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះទេ។ កម្រិតប្រាក់ឈ្នួលរបស់កម្មករ នឹងនៅតែផ្អែកទៅលើ ភាគរយនៃក្រុមហ៊ុនម៉ាកផលិតផលបញ្ជាទិញពីរោងចក្រដែលចុះហត្ថលេខាកិច្ចព្រមព្រៀងប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតដែលអាចបង្ខំឱ្យទូទាត់បាន។ ប្រសិនបើ ក្រុមហ៊ុនម៉ាកផលិតផលទាំងអស់ បញ្ជាទិញពីរោងចក្រមួយដែលចុះហត្ថលេខានេះ ដូច្នេះ វិភាគទានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតដែលបានមកពីក្រុមហ៊ុនផលិតផលនីមួយៗ នឹងបន្ថែមទៅលើប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត។

ការអនុវត្ត

តើអ្វីជាកាតព្វកិច្ចសម្រាប់ក្រុមហ៊ុនម៉ាកផលិតផល និងក្រុមហ៊ុនលក់រាយដែលបានចុះហត្ថលេខា?

ក្រុមហ៊ុនម៉ាកផលិតផល និងក្រុមហ៊ុនលក់រាយដែលបានចុះហត្ថលេខានឹងតម្រូវឱ្យ៖

  • ចំណាយទៅលើរោងចក្រទាំងអស់ដែលក្រុមហ៊ុននេះ បញ្ជាទិញសម្លៀកបំពាក់នូវទឹកប្រាក់ចំនួន ២៥ភាគរយនៃតម្លៃ FOB ដែលក្រុមហ៊ុនម៉ាកផលិតផលចំណាយដើម្បីបានសម្លៀកបំពាក់ទាំងនោះ។ ប្រាក់បន្ថែមនេះ ត្រូវបានស្គាល់ថាជាវិភាគទានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត («វិភាគទាន») នឹងត្រូវបូកបន្ថែមទៅលើតម្លៃដើមដែលបានចំណាយដោយក្រុមហ៊ុនម៉ាកផលិតផលទៅកាន់រោងចក្រសម្រាប់ការបញ្ជាទិញ។ ដំណាក់កាលឆ្លងកាត់ទៅកាន់កម្មករ នឹងត្រូវបានឃ្លាំមើលដោយភាគីហត្ថលេខី ដែលអាចបង្កើតនូវស្ថាប័នភាគីទីបីឯករាជ្យ ដែលត្រូវបាន
  • បង្កើតជាពិសេសសម្រាប់គោលបំណងនេះ។ ក្រុមហ៊ុនម៉ាកផលិតផល នឹងតម្រូវឱ្យបង់ប្រាក់ទៅកាន់ស្ថាប័ននេះ ដែលនឹងត្រូវបានប្រើប្រាស់ដោយស្ថាប័នក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនដូចចែងក្នុងកិច្ចព្រមព្រៀង
  • ធានាថាការធ្វើបែបនេះនឹងមិនបន្ថយតម្លៃ FOB ជាមធ្យម សម្រាប់ការបញ្ជាទិញសម្លៀកបំពាក់ទៅកាន់រោងចក្រនៅក្នុងប្រទេសណាមួយនោះទេ 
  • តម្រូវឱ្យរោងចក្រផ្គត់ផ្គង់នីមួយៗ អនុលោមតាមកាតព្វកិច្ចអ្នកផ្គត់ផ្គង់ដែលបានចែងខាងលើ រួមទាំងការបែងចែកវិភាគទានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតទៅកាន់កម្មករទាំងអស់ និងគោរពសេរីភាពក្នុងការបង្កើតសមាគម។
តើអ្វីជាកាតព្វកិច្ចរបស់អ្នកផ្គត់ផ្គង់?

ក្នុងកិច្ចព្រមព្រៀងនេះ អ្នកផ្គត់ផ្គង់នឹងតម្រូវឱ្យ៖

  • បែងចែកវិភាគទានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតទៅកម្មករ ជាផ្នែកមួយនៃការបើកប្រាក់បៀវត្សរ៍ភ្លាមៗ បន្ទាប់ពីទទួលបានការបង់វិភាគទានពីក្រុមហ៊ុនម៉ាកផលិតផលមកអ្នកផ្គត់ផ្គង់។ ប្រសិនបើមានសហជីពដែលសកម្មនៅក្នុងរោងចក្រនោះ និយោជក នឹងចរចាកិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយនឹងសហជីព អំពីរបៀបបែងចែកវិភាគទានទៅកម្មករ។ នៅកន្លែងណាដែលគ្មានសហជីពកំពុងធ្វើសកម្មភាពក្នុងរោងចក្រទេនោះ វិភាគទាននឹងត្រូវបានបែងចែកស្មើៗគ្នាទៅកាន់កម្មករដែលមានសិទ្ធិទទួលបានទាំងអស់។ កម្មករដែលមានសិទ្ធិទទួលបានវិភាគទាននេះ រួមមានទាំងកម្មករនៅផ្នែកផលិតកម្ម ផ្នែកគ្រប់គ្រងគុណភាព ផ្នែកវេចខ្ចប់ ផ្នែកថែរក្សា មេក្រុម អ្នកគ្រប់គ្រង ដែលធ្វើការក្នុងរោងចក្រ ក្នុងអំឡុងខែដែលត្រូវបំពេញតាមការបញ្ជាទិញនោះ។ ប្រធាន នឹងមិនមានសិទ្ធិទទួលបានប្រាក់វិភាគទាននេះទេ។ កម្មករដែលធ្វើការ ក្រៅម៉ោង នឹងត្រូវទទួលបានចំណែកដោយគណនាទៅតាមម៉ោងធ្វើការដែលបានធ្វើជាក់ស្ដែង។

ការតាមដាន និងបង្ខំឱ្យអនុវត្ត

ព័ត៌មាន​បន្ថែម

កិច្ចព្រមព្រៀងនេះ នឹងត្រូវបានតាមដានដោយភាគីហត្ថលេខី ដែលអាចបង្កើតស្ថាប័នភាគីទីបីឯករាជ្យ ហើយត្រូវបានបង្កើតឡើងសម្រាប់តែគោលបំណងនេះ។ កម្មករនិយោជិតអាច

ប្រើប្រាស់យន្តការបណ្ដឹង ២៤ ម៉ោង ដើម្បីរាយការណ៍ពីការរំលោភបំពាន។ អ្នកផ្គត់ផ្គង់ត្រូវមានកាតព្វកិច្ច សហការណ៍ពេញទំហឹង ក្នុងការស៊ើបអង្កេតរបស់ស្ថាប័នភាគីទីបីឯករាជ្យ ចំពោះបណ្ដឹង ក៏ដូចជា រាល់ការរកឃើញ និងការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងការស៊ើបអង្កេតពាក្យបណ្ដឹង និងអនុវត្តផែនការសកម្មភាពកែតម្រូវឆ្លើយតបនឹងការរកឃើញ និងសំណងផ្សេងទៀតដែលតម្រូវដោយអ្នកឃ្លាំមើល។

ហាមឃាត់ពីការកាត់បន្ថយប្រាក់ឈ្នួល អត្ថប្រយោជន៍ និងសំណងផ្សេងៗដែលបានប្រគល់ដល់កម្មករនិយោជិត។

ធានាថាកម្មករនិយោជិតនឹងត្រូវបានបណ្ដុះបណ្ដាលពីសិទ្ធិរបស់ពួកគេ ចែងក្នុងកម្មវិធីនេះ រួមទាំង ការបង់ប្រាក់វិភាគទាន សិទ្ធិសេរីភាពក្នុងការបង្កើតសមាគម និងសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹង ប្រសិនបើពួកគេគិតថាសិទ្ធិរបស់ពួកគេក្នុងកម្មវិធីនេះត្រូវបានរំលោភបំពាន។ វគ្គបណ្ដុះបណ្ដាលទាំងនេះ នឹងរៀបចំដោយសហជីព និង/ឬអង្គការមិនមែនរដ្ឋាភិបាល ហើយកម្មករនឹងត្រូវបានទូទាត់ដោយអ្នកផ្គត់ផ្គង់ ចំពោះពេលវេលាចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។ ប្រសិនបើមានសហជីពនៅក្នុងរោងចក្រ ស្ថាប័ននេះអាចរៀបចំវគ្គបណ្ដុះបណ្ដាលដែលមានការព្រមព្រៀងជាទ្វេភាគីរវាងនិយោជក និងសហជីព។

ហាមឃាត់ពីការសងសឹកគ្រប់វិធី ប្រឆាំងនឹងកម្មករណាដែលប្រើប្រាស់ ឬមានបំណងប្រើប្រាស់យន្តការបណ្ដឹង ឬដែលផ្ដល់នូវសក្ខីកម្ម។

តើកាតព្វកិច្ចរបស់អ្នកផ្គត់ផ្គង់ត្រូវបានបង្ខំឱ្យអនុវត្តដោយរបៀបណា?

កាតព្វកិច្ចរបស់អ្នកផ្គត់ផ្គង់ ត្រូវបានបង្ខំឱ្យអនុវត្តតាមរយៈយន្តការបង្ខំឱ្យអនុវត្តដែលមានលើទីផ្សារ។ ប្រសិនបើអ្នកផ្គត់ផ្គង់ខកខានមិនបានសហការជាមួយការស៊ើបអង្កេត មិនបានអនុវត្តសកម្មភាពកែតម្រូវចាំបាច់ដែលជាលទ្ធផលនៃការស៊ើបអង្កេត ឬក៏មួយវិញទៀតមិនបានបំពេញតាមកាតព្វកិច្ចរបស់ខ្លួនដូចចែងក្នុងកម្មវិធីនេះ ក្រុមហ៊ុនជាភាគីហត្ថលេខីនឹងតម្រូវឱ្យបញ្ចប់រាល់ទំនាក់ទំនងអាជីវកម្មជាមួយអ្នកផ្គត់ផ្គង់ និងកន្លែងផ្សេងទៀតដែលមានម្ចាស់តែមួយ។ ក្រុមហ៊ុនម៉ាកផលិតផលជាភាគីហត្ថលេខី ក៏នឹងត្រូវហាមឃាត់ពីការបញ្ជាទិញថ្មីទៀត នៅរោងចក្រនេះ

ឬកន្លែងផ្សេងទៀតដែលគ្រប់គ្រង និងដំណើរការដោយម្ចាស់ដដែលនេះ លុះត្រាតែ ឬរហូតទាល់តែក្រុមហ៊ុនម៉ាកផលិតផលនេះ បានដឹងថារោងចក្របានអនុវត្តវិធានការកែតម្រូវចាំបាច់នេះរួចរាល់ហើយ។

តើកាតព្វកិច្ចរបស់ក្រុមហ៊ុនម៉ាកផលិតផល និងក្រុមហ៊ុនលក់រាយដែលជាភាគីហត្ថលេខី ត្រូវបានបង្ខំឱ្យអនុវត្តដោយរបៀបណា?

កាតព្វកិច្ចរបស់ក្រុមហ៊ុនម៉ាកផលិតផល និងក្រុមហ៊ុនលក់រាយជាភាគីហត្ថលេខី ត្រូវបានបង្ខំឱ្យអនុវត្តតាមរយៈអាជ្ញាកណ្តាលដែលមានចងកាតព្វកិច្ចស្របច្បាប់។ ប្រសិនបើមានភាគីហត្ថលេខីនៃកិច្ចព្រមព្រៀង ជឿថាក្រុមហ៊ុនម៉ាកផលិតផល ឬក្រុមហ៊ុនលក់រាយ បានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ភាគីហត្ថលេខីនោះអាចនឹងដាក់ពាក្យទៅអាជ្ញាកណ្តាល។ សេចក្តីសម្រេចរបស់អាជ្ញាកណ្តាល រួមទាំងសេចក្ដីបង្គាប់ណាមួយដែលត្រូវបានដាក់ចេញ គឺជាមានភាពស្របច្បាប់ និងអាចបង្ខំឱ្យអនុវត្ត នៅក្នុងតុលាការ សម្រាប់ក្រុមហ៊ុនម៉ាកផលិតផល និងអ្នកផ្គត់ផ្គង់។

តើការអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវបានតាមដានដោយរបៀបណា?

ការអនុវត្តកិច្ចព្រមព្រៀងត្រូវបានឃ្លាំមើលដោយស្ថាប័នភាគីទីបីឯករាជ្យ ដែលបង្កើតឡើងជាពិសេសដោយភាគីហត្ថលេខី ក្នុងគោលបំណងតាមដានការអនុលោមតាមកិច្ចព្រមព្រៀង។ ស្ថាប័ននេះនឹងទទួលខុសត្រូវក្នុងការផ្ទៀងផ្ទាត់ការទូទាត់វិភាគទានប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត ដោយក្រុមហ៊ុនម៉ាកផលិតផលដែលចុះកិច្ចសន្យា ទៅកាន់រោងចក្រ និងដោយរោងចក្រទៅកម្មករ ដាក់ដំណើរការយន្តការបណ្ដឹង ស៊ើបអង្កេតពាក្យបណ្តឹងនៃការរំលោភបំពាន បង្ហាញពីការរកឃើញ និងតម្រូវឱ្យមានសកម្មភាពកែតម្រូវសម្រាប់ការរំលោភបំពាន គ្រប់គ្រងលើកម្មវិធី និងរាយការណ៍ជាសាធារណៈស្តីពីការអនុវត្ត។ អង្គការនេះនឹងមានសមត្ថភាពក្នុងការស៊ើបអង្កេត និងឆ្លើយតបចំពោះពាក្យបណ្តឹងនានានៅប្រទេសណាមួយ ដែលមានវត្តមានអ្នកផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនម៉ាកផលិតផលដែលបានចុះហត្ថលេខា។

តើកម្មករអាចដាក់ពាក្យបណ្ដឹងតាមរបៀបណា ប្រសិនបើសិទ្ធិរបស់ពួកគេក្នុងកម្មវិធីនេះត្រូវបានរំលោភបំពាន?

អង្គការនេះនឹងដំណើរការយន្តការបណ្ដឹង ២៤ ម៉ោង ដែលកម្មករអាចដាក់ពាក្យបណ្តឹងនិង / ឬរាយការណ៍ពីការបំពានលើកិច្ចព្រមព្រៀង។ អ្នកតាមដាន នឹងស៊ើបអង្កេតលើបណ្តឹងដែលគួរឱ្យជឿជាក់បានទាំងអស់។ វគ្គបណ្តុះបណ្តាលដែលកម្មករទទួលបានអំពីកម្មវិធី នឹងរួមបញ្ចូលព័ត៌មានអំពីរបៀបនៃការប្រើប្រាស់យន្តការបណ្ដឹង។ ការសងសឹកប្រឆាំងនឹងកម្មករនិយោជិតណាដែលប្រើប្រាស់យន្តការបណ្ដឹង ឬចូលរួមក្នុងការស៊ើបអង្កេតនឹងត្រូវហាមឃាត់ជាដាច់ខាត។

តើកម្មករនឹងដឹងពីកម្មវិធីនេះដោយរបៀបណា?

កម្មករនឹងទទួលបានការបណ្តុះបណ្តាលអំពីកម្មវិធីនេះ ដោយសហជីព និងអង្គការមិនមែនរដ្ឋាភិបាលដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។ ការបណ្តុះបណ្តាលនឹងផ្តល់ព័ត៌មានអំពីវិភាគទាន និងរបៀបដែលវិភាគទានទាំងនេះត្រូវបែងចែកទៅកម្មករនិយោជិក តម្រូវការនៃសិទ្ធិសេរីភាពបង្កើតសមាគមក្នុងកម្មវិធីនេះ តួនាទីរបស់សហជីពហត្ថលេខី និងអង្គការមិនមែនរដ្ឋាភិបាល និងវិធីប្រើប្រាស់យន្តការបណ្ដឹង។ ការបណ្តុះបណ្តាលនឹងធ្វើឡើងនៅក្នុងបរិវេណរោងចក្រ ក្នុងម៉ោងធ្វើការធម្មតា ហើយអ្នកផ្គត់ផ្គង់នឹងត្រូវទូទាត់សម្រាប់កម្មករ ខណៈពេលដែលពួកគេចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ។

តើកម្មវិធីនេះនឹងត្រូវបានផ្ដល់មូលនិធិដោយរបៀបណា?

រាល់ក្រុមហ៊ុនម៉ាកផលិតផល និងក្រុមហ៊ុនលក់រាយដែលចុះហត្ថលេខា តម្រូវឱ្យបង់ថ្លៃប្រចាំឆ្នាំ ដែលនឹងត្រូវប្រើសម្រាប់ការបង្កើត និងដំណើរការនៃកម្មវិធី។ ចំណុចនេះនឹងរួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមតែ ចំពោះការស៊ើបអង្កេតពាក្យបណ្តឹង ការអនុវត្តយន្តការបណ្តឹង ការគាំទ្រសហជីព និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការផ្តល់វគ្គបណ្តុះបណ្តាលទៅកម្មករអំពីកម្មវិធី ការបោះពុម្ពផ្សាយរបាយការណ៍សកម្មភាពនៃកម្មវិធី និងចំណាយប្រតិបត្តិការផ្សេងទៀត។

តើមានអ្វីកើតឡើងប្រសិនបើប្រាក់ឈ្នួលអប្បបរមាស្របច្បាប់នៅក្នុងប្រទេសណាមួយកើនឡើង ហើយជាលទ្ធផលធ្វើឱ្យគម្លាតរវាងប្រាក់ឈ្នួលអប្បបរមា និងប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិតតូចជាងមុន?

ការដំឡើងប្រាក់ឈ្នួលអប្បបរមាថ្នាក់ជាតិក្នុងវិស័យនេះ នឹងជាការលើកទឹកចិត្តដល់ក្រុមហ៊ុនម៉ាកផលិតផល និងក្រុមហ៊ុនលក់រាយ ដើម្បីបន្ត ឬបង្កើនការបញ្ជាទិញពីប្រទេសនេះ ដោយសារតែពួកគេនឹងអាចកាត់បន្ថយចំណាយវិភាគទាន ដើម្បីអាចសម្រេចបាន

ប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត។ វិភាគទានជា បទដ្ឋានដែលក្រុមហ៊ុនម៉ាកផលិតផលមួយតម្រូវឱ្យបង់គឺ ២៥ ភាគរយ នៃថ្លៃ FOB ដែលកំពុងតែចំណាយពេលបច្ចុប្បន្ន។ ការបង់តិចជាង ២៥ ភាគរយនេះនឹងអាចទៅរួច ប្រសិនបើគម្លាតរវាងប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត និងប្រាក់ឈ្នួលអប្បបរមាស្របច្បាប់ មានទំហំតូចជាង ២០០ ភាគរយ ឬនៅពេលដែលក្រុមហ៊ុនម៉ាកផលិតផលអាចបញ្ជាក់បានថា ខ្លួនបានបង់ថ្លៃ FOB ខ្ពស់ល្មម ដែលអាចទូទាត់ថ្លៃពលកម្មនៅកម្រិតប្រាក់ឈ្នួលសម្រាប់ចិញ្ចឹមជីវិត ហើយក្រុមហ៊ុនម៉ាកផលិតផលនោះ ពិតជាអាចបង្ហាញថាការធ្វើបែបនេះនាំឱ្យកម្មករទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន។ មានតែក្នុងលក្ខខណ្ឌដែលភាគីហត្ថលេខីក្នុងស្រុកយល់ព្រមទទួលវិភាគទានតិចជាងបទដ្ឋាន ២៥ភាគរយ ប៉ុណ្ណោះទេ ទើបមានការបង់នូវភាគរយដែលទាបជាងនេះ។

តើកិច្ចព្រមព្រៀងនេះនឹងបង្កើតតម្លៃនៃសម្លៀកបំពាក់ដែរឬទេ?

ក្រុមហ៊ុនម៉ាកផលិតផលដែលបានចុះហត្ថលេខា នឹងត្រូវតម្រូវឱ្យបង់ថ្លៃដើមខ្ពស់ជាងមុនដល់អ្នកផ្គត់ផ្គង់របស់ពួកគេ ប៉ុន្តែពួកគេក៏មិនចាំបាច់បន្ថែមតម្លៃនេះទៅអ្នកប្រើប្រាស់របស់ពួកគេនោះទេ។ ក្រុមហ៊ុនម៉ាកផលិតផល អាចសម្រេចចិត្តស្រូបយកតម្លៃដែលកើនឡើងនេះ ដែលជាចំនួនតិចតួច ជំនួសឱ្យការដំឡើងថ្លៃសម្លៀកបំពាក់។ ប្រសិនបើក្រុមហ៊ុនម៉ាកផលិតផល សម្រេចចិត្តដំឡើងថ្លៃសម្លៀកបំពាក់ ការដំឡើងថ្លៃទាំងនេះក៏នឹងតិចតួចបំផុត ព្រោះកម្លាំងពលកម្ម គ្រាន់តែជាផ្នែកតូចមួយនៃថ្លៃលក់រាយសម្លៀកបំពាក់តែប៉ុណ្ណោះ។ 

ពិតជាមិនអាចប្រកែកបានទេថា កិច្ចព្រមព្រៀងនេះនឹងមានឥទ្ធិពលនៃការបែងចែកឡើងវិញក្នុងរយៈពេលវែង ហើយរួមផ្សំនឹងកត្តាផ្សេងទៀតនឹងមានផលប៉ះពាល់លើការធ្វើរចនាសម្ព័ន្ធឡើងវិញ ក្នុងឧស្សាហកម្មកាត់ដេរ ដែលពិបាកនឹងស្មានទុកជាមុន។ បណ្តាញរបស់យើងនឹងធ្វើការដើម្បីធ្វើឱ្យការផ្លាស់ប្តូរនេះមានលក្ខណៈវិជ្ជមាន សម្រាប់ប្រទេសផលិតកម្ម និងប្រទេសអ្នកប្រើប្រាស់ ទាំងផ្នែកសង្គម បរិស្ថាន និងសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងពីបេសកកម្មរបស់យើងក្នុងការបែងចែកធនធាន និងថាមពលឱ្យបានត្រឹមត្រូវក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល។ ច្បាស់ណាស់ដែលថា ការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅក្នុងគំរូអាជីវកម្មឧស្សាហកម្មកាត់ដេរសកល គឺមានការចាំបាច់បំផុតតាមដែលអាចធ្វើទៅបាន។ មានតែពេលនេះទេ ដែលសម្លៀកបំពាក់មានតម្លៃថោក និងការប្រើប្រាស់ហួសកម្រិត មានទំនាក់ទំនងជាខ្លាំងទៅនឹងកម្លាំងពលកម្មថោក និងការដកហូតសិទ្ធិកម្មករ ជាងពេលណាៗទាំងអស់។